ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ បានបើកទ្វាររង់ចាំទទួលយុវជន យុវនារី និងសាធារណជននៅអគារពិព័រណ៍កោះពេជ្រដោយចាប់ផ្តើមពីថ្ងៃទី១០ ដល់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងការផ្តល់ឱកាសការងារក្នុងប្រទេសជាង ២ម៉ឺនកន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០។
សូមបញ្ជាក់ថា ពិព័រណ៍ការងារថ្នាក់ជាតិ ត្រូវបានរៀបចំឡើងតាំងតែពីឆ្នាំ២០១១ និងជាសកម្មភាពមួយចំណុះឱ្យសកម្មភាពគន្លឹះជាច្រើនដែលរាជរដ្ឋាភិបាលបានជំរុញ និងលើកកម្ពស់ជាប់ជាប្រចាំដើម្បីអភិវឌ្ឍធនធានមនុស្ស ផ្តល់ឱកាសការងារសម្រាប់យុវជនដើម្បីជួបជាមួយនិយោជក ឬវិនិយោគិនដែលកំពុងស្វែងរកធនធានមនុស្សតាមតម្រូវការនៃផលិតកម្មរបស់ខ្លួន។
សូមបងប្អូនប្រជាជនខ្មែរ ជាពិសេសយុវជន យុវនារីទាំងអស់ចូលរួមទស្សនាស្វែងយល់ពីទីផ្សារការងារ និងក្រុមហ៊ុនដែលជាគោលដៅអាជីពរបស់ខ្លួន និងសូមស្លៀកពាក់ឱ្យបានសមរម្យ និងយកប្រវត្តិរូបតាមខ្លួនផងដើម្បីអាចដាក់ពាក្យសម្ភាសការងារទៅតាមជំនាញរៀងៗខ្លួនភ្លាមៗតែម្តង។