ប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា

by | Nov 8, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ាដោយមានឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្ស៉ី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន។

យោងតាមសេចក្តីសម្រេចនេះ សមាសភាព ២រូបពីសមាគមឧកញ៉ាកម្ពុជាគឺអ្នកឧកញ៉ា លី ហួរ (អនុប្រធានសមាគមឧកញ៉ាកម្ពុជា) និងអ្នកឧកញ៉ា ហ៊ុន ឡាក់ (អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា) ក៏នឹងត្រូវបំពេញតួនាទីជាសមាជិកនៃគណៈកម្មការអន្តរក្រសួងនេះផងដែរ។
សូមបញ្ជាក់ថា អនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានចែងថា គណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា ដែលសរសេរជាអក្សរកាត់ថា គ.ព.វ.គ. មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់និងបញ្ចប់គោរមងារឧកញ៉ា។