អង្ករពូជស្រូវសែនក្រអូបរបស់កម្ពុជាឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១

by | Nov 1, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)​ នៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិនដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice Research Institute of Guangxi Academy of Agricultural Science) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបថា អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះ ដែលប្រកបដោយគុណភាព និងមោទនភាពនេះជាបន្តទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

សូមបញ្ជាក់ផងដែរថា ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវដែលដែលត្រូវបានដាំដុះ ដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០  ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់  ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា “សែនក្រអូប ០១”