សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាលលើការងារសំខាន់ៗមួយចំនួន

by | Oct 18, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

អនុលោមតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោមងារឧកញ៉ាបានបញ្ញតិ្តពីការទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាដែលបានចុះបញ្ជីស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាក្នុងការបំពេញតួនាទីជាដៃគូរាជរដ្ឋាភិបាលលើការងារដូចខាងក្រោម៖

  • ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យនេះ
  • ជួយរាជរដ្ឋាភិបាលលើការប្រមូលវិភាគទានពីគោរមវន្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន
  • ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា
  • ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើសុំផ្តល់ងារជាកិត្តិយស បុព្វសិទ្ធិនានា ឬការតែងតាំងក្នុងមុខងារនានាដល់គោរមវន្តស្របមាត្រា២១ នៃព្រះរាជក្រឹត្យនេះ
  • ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងការ​វិនិយោគ ព្រមទាំងសកម្មភាពផ្សេងទៀត ដើម្បីជាប្រយោជន៍ដល់សង្គម
  • អមដំណើរជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេស តាមការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីសំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យឡាយព្រះហស្តលេខាប្រកាសឱ្យប្រើព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យនេះបានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ ព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គួររំលឹកដែរថាដើម្បីរួមចំណែកក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំនិងប្រមូលផ្តុំរូបវន្តបុគ្គលដែលមានគោរមងារជាឧកញ៉ាឲ្យកាន់តែមានភាពច្បាស់លាស់ និងជាប្រយោជន៍ដល់ការពង្រឹងសេដ្ឋកិច្ចជាតិស្របទៅតាមច្បាប់កំណត់ ទើប សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនាថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២ និងមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស ព្រមទាំងមានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀតជាអនុប្រធានកិត្តិយសដូចជា សម្តេចក្រឡាហោម ស ខេង , សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដោយមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន៕