នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា បានបើកកិច្ចប្រជុំលើកទី៣ អាណត្តិទី១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់អ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ាជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមចំនួន ២២រូប។
កិច្ចប្រជុំប្រចាំត្រីមាសនេះបានធ្វើឡើងទៅតាមលក្ខន្តិកៈរបស់សមាគមដោយផ្តោតលើការពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ទិសដៅ និងផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ការប្រមូលបញ្ហាប្រឈមដើម្បីដាក់ជូនវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនជុំវិញការវិនិយោគ, ការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ និងផែនការសម្រាប់ឆ្នាំ២០២៤ ក៏ដូចជាអំពីកម្មវិធីចូលក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងកិច្ចពិភាក្សាលើប្រធានបទផ្សេងមួយចំនួនទៀតផងដែរ។
អង្គប្រជុំទាំងមូលបានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលជាផ្លែផ្កា ពោលគឺរបៀបវារៈទាំងអស់ត្រូវបានពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងអនុម័តប្រកបដោយសាមគ្គីភាពនិងក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាលក្រៃលែង។