ឯកសារ “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដ៏មានសារៈសំខាន់

by | Oct 6, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ក្នុងយុគសម័យបដិវត្តឧស្សាហកម្មថ្មី ៤.០ បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងក្លាយជាកត្តាគន្លឹះជំរុញការគ្រប់ដណ្តប់ និងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែស្អិតល្មួត, ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមកជាក់ស្តែងនាពេលបច្ចុប្បន្នគ្រប់វិស័យនៃសេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រ ព្រមទាំងបុគ្គលផងសុទ្ធសឹងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យាជាពិសេសឌីជីថលដែលបាននិងកំពុងកែប្រែរបៀបក្នុងការធ្វើធុរកិច្ច ឬម៉ូដែលសេដ្ឋកិច្ច, ផ្លាស់ប្តូរទម្លាប់រស់នៅ ឬជីវិតប្រចាំថ្ងៃក្នុងការប្រាស្រ័យទាក់ទងនិងការបំពេញការងាររហូតដល់ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការផ្លាស់ប្តូរឧស្សាហកម្មបែបប្រពៃណីទៅជាឧស្សាហកម្មទំនើប បានធ្វើឱ្យបច្ចេកវិទ្យាឌីជីថលក្លាយជាវិស័យជន្ទល់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានធ្វើឱ្យធុរជន និងវិនិយោគគិនក្នុងស្រុកអាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលដូចជាស្វែងរកភាពច្នៃប្រឌិតក្នុងការផលិតទំនិញ និងការផ្តល់សេវាកម្មជាដើម។

ជាមួយនឹងសារៈសំខាន់បែបនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្ត “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” និងបានអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលជាអ្នកសម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយនេះ។ គោលនយោបាយនេះគឺជាផែនទីបង្ហាញផ្លូវ និងក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការទាញយកប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាមួយនឹងចក្ខុវិស័យរយៈពេលវែងប្រកបដោយមហិច្ឆតា និងភាពប្រាកដនិយមគឺអភិវឌ្ឍបច្ចេកវិទ្យាដោយឈរលើមូលដ្ឋាន ៣ធំៗរួមមាន៖ ១.ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ២.ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ៣.ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរិមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គសំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។

សូមចុចត្រង់នេះដើម្បីទាញយក “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨”
Click here to download “Cambodia Financial Technology Development Policy 2023-2028”