កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ពីចក្រភពអង់គ្លេសជំនួសប្រព័ន្ធ GSP

by | Oct 5, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះថ្មី UK’s Developing Countries Trading Scheme(DCTS) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា DCTS ត្រូវបានបង្កើតឡើងជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូត ដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ក្នុងសេចក្តីប្រកាសបានបន្ថែមថា ដើម្បីទទួលបានការអនុគ្រោះពន្ធនេះ ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេសដោយព័ត៌មានលម្អិត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អាចចូលទៅកាន់គេហទំព័រ ៖ https://bit.ly/UKDCTS ឬសូមទំនាក់ទំនងមន្ត្រីនៃនាយកដ្ឋាននាំចេញនាំចូលដូចមានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៕