ធនាគារ ជីប ម៉ុង ពង្រីកវិសាលភាពសាខាទី១៥ នៅអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើរ ដ៏ប្រណីត

by | Sep 22, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយវត្តមានៃថា្នក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ ក៏ដូចជាវត្តមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជានិងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតផងដែរ។



ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង ព្រមទាំងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាផងនោះបានថ្លែងពីសេចក្តីរាយការណ៍ពីសមិទ្ធផល ដែលទទួលបានថា៖ “បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលលោកកំពុងជួបឧបសគ្គយ៉ាងណា គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង នៅតែអាចកើនឡើងរហូតដល់ ១៣០០ លានដុល្លារអាម៉េរិក ដោយឡែកប្រាក់កម្ចីបានកើនឡើងដល់ ៧៧២ លានដុល្លារអាម៉េរិក និងប្រាក់បញ្ញើបានកើនឡើងដល់ ១១០០ លានដុល្លារអាម៉េរិក។”


អ្នកឧកញ៉ាបានមានប្រសាសន៍ទៀតថា៖ “ធនាគារកូនខ្មែរមួយនេះ បោះជំហានចូលទីផ្សារក្រោយគេបន្តិចមែន ប៉ុន្តែយើងមានភាគទុនិក ដែលមានយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយធនាគារ ជីប ម៉ុង ឱ្យក្លាយជាធនាគារឈានមុខគេ និងអាចឈជើងលើទីផ្សាររាប់រយឆ្នាំទៅមុខ។” 


 

ទន្ទឹមនឹងនោះ លោកជំទាវ ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការកោតសរសើរចំពោះ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ជីប ម៉ុង ទាំងមូល ដែលតែងនាំមកជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មជាច្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។


 

សូមរំឭកថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន ១៥ ក្នុងនោះ ១២ សាខានៅរាជធានីភ្នំពេញ និង ៣ សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕