(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាសព័ត៌មានស្តីពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងជំរុញដល់សកម្មភាពផលិត និងការចំណាយរបស់សហគ្រាសទាំងនោះ។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ចំពោះអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ (អ្នកប្រើប្រាស់កម្រិតរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកែច្នៃកសិកម្ម) នឹងត្រូវទទួលបានការបញ្ចុះថ្លៃអគ្គិសនី ចន្លោះពី១០% ទៅ២០% សម្រាប់រយៈពេល៣ខែ ទៅលើបរិមាណប្រើប្រាស់ថាមពលបន្ថែម ដែលលើសពីមធ្យមភាគនៃការប្រើប្រាស់អគ្គិសនីប្រចាំខែដែលមានស្រាប់ដោយការគណនាមធ្យមភាគប្រចាំខែគឺយោងលើទិន្នន័យនៃការប្រើប្រាស់ក្នុងរយៈពេល ៦ខែចុងក្រោយ។ ចំពោះការបញ្ចុះថ្លៃមានដូចខាងក្រោម៖
– បញ្ចុះអត្រាថ្លៃចំនួន ១០% លើបរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។
– បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ព្រឹក និងពេញ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានមានដូចខាងក្រោមនេះ៖
គួររំលឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានឧបត្ថមធនក្នុងមួយឆ្នាំៗជាង ១០០លានដុល្លារួចហើយ ដើម្បីទប់ថ្លៃអគ្គិសនីមិនឱ្យកើនឡើងចំពោះអ្នកប្រើប្រាស់ទូទៅ ទោះបីជាថ្លៃដើមផលិតអគ្គិសនី និងនិន្នាការថ្លៃអគ្គិសនីនៅទូទាំងពិភពលោកមានការកើនឡើងក៏ដោយ។ សេចក្តីប្រកាសក្នុងថ្ងៃនេះនឹងជួយរោងចក្រសហគ្រាសឧស្សាហកម្ម និងកសិកម្មបានមួយកម្រិតទៀត ជាពិសេស នឹងបានជួយទៅដល់ការពង្រីកផលិតកម្ម ដើម្បីបង្កើនការងារ និងប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨,១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន១៨ មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតីបានមានប្រសាសន៍ថា អាចមានសហគ្រាសប្រមាណ ២១.០០០ នៅកម្ពុជាដែលទទួលបានផលប្រយោជន៍ពីការបញ្ចុះតម្លៃភ្លើងអគ្គិសនីនេះ៕