ឧកញ៉ា អុីន កួត សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ទទួលបានគោរមងារជា «អ្នកឧកញ៉ា»

by | Sep 20, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ ឧកញ៉ា អ៊ីន កួត សមាជិកស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ជាអ្នកជំនួញមួយរូបដែលមានកំណើតនៅលើទឹកដីខេត្តកោះកុង អ្នកឧកញ៉ា អ៊ីន កួត បានប្រលូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយនិងកំពុងតែមានតួនាទីសំខាន់ៗជាច្រើនដូចជា៖ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉ាឡៃ សាគរ ភូមិវរន្ម័ន ឯ.ក (Malai Sakor Phum Varaman Co., Ltd.) ដែលវិនិយោគលើអចលនទ្រព្យ និងហាងកាហ្វេមួយចំនួនផងដែរ។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏ជានាយកក្រុមហ៊ុនគ្លូប៊លហៅស៍ (កម្ពុជា) ឯ.ក (Global House Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនលក់សម្ភារសំណង់ គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដ៏ធំជាងគេនៅរាជធានីភ្នំពេញ។

នាពេលកន្លងមក អ្នកឧកញ៉ា អ៊ីន កួត បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងសង្គមតាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលារហូតទទួលបានការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលដោយបានផ្តល់នូវគ្រឿងឥស្សរយយសជាបន្តបន្ទាប់ ជាពិសេសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដោយទ្រង់បានសព្វព្រះរាជហឬទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នាពេលនេះផងដែរ៕