(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ ឧកញ៉ា គង់ សាង សមាជិកស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា អ្នកឧកញ៉ា គង់ សាង ជាជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៤៩ ក្នុងសង្កាត់លេខ៣ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងទីក្រុងភ្នំពេញ និងចេះនិយាយភាសាចិនបានយ៉ាងស្ទាត់ជំនាញ។ អ្នកឧកញ៉ា គឺជាពាណិជ្ជករជើងចាស់មួយរូបដែល ពោរពេញដោយបទពិសោធន៍ដោយក្រោយការដួលរលំនៃរបប ប៉ុល ពត លោកបានចាប់ផ្តើមអាជីវកម្មដោយនាំចូលនូវផលិតផលមួយចំនួនពីបរទេសមកលក់ក្នុងប្រទេសហើយក្នុងឆ្នាំ១៩៨៥ លោកបានជួបនិងចាប់ដៃគូអាជីវកម្មជាមួយធុរជនតៃវ៉ាន់ដោយធ្វើការនាំចូលក្រណាត់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បន្ទាប់ពីប្រទេសកម្ពុជាមានការបោះឆ្នោតជាសកលជាលើកដំបូងក្នុងឆ្នាំ១៩៩៣ និងសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជានាយករដ្ឋមន្ត្រី លោកនិងដៃគូធុរជនតៃវ៉ាន់បានចាប់ផ្តើមបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជាក៏ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀត រួមមានវិស័យអចលនទ្រព្យ និងកសិកម្មផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ា គង់ សាង ជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាអនុប្រធាននៃសមាគម WU Chinese Association in Cambodia (WAC) និងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា (COA) ។
នាពេលកន្លងមក អ្នកឧកញ៉ា គង់ សាង បានចូលរួមចំណែកជាច្រើនក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋ រួមទាំងសកម្មភាពមនុស្សធម៌ និងសង្គមជាច្រើនទៀត រហូតទទួលបានការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលដោយបានផ្តល់នូវគ្រឿងឥស្សរយយសជាបន្តបន្ទាប់ ជាពិសេសគ្រឿងឥស្សរយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការសព្វព្រះរាជហឬទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នាពេលនេះផងដែរ៕