(ភ្នំពេញ)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨,១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន១៨ មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យលើការបញ្ចុះតម្លៃភ្លើងក្នុងកម្រិតណាមួយសម្រាប់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជា ដើម្បីជំរុញដល់សកម្មភាពផលិត និងការចំណាយរបស់សហគ្រាសទាំងនោះ។
ជាមួយគ្នានេះ សម្ដេចធិបតីបានជំរុញឱ្យ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលត្រូវចាប់ផ្តើមធ្វើកុំចាំបាច់អនុវត្តន៍ថ្ងៃក្រោយពោលគឺចាប់ផ្ដើមអនុវត្តន៍ភ្លាមចាប់ពីខែតុលាខាងមុខនេះតទៅដោយអាចដំណើរការសាកល្បងរយៈពេល ៣ខែសិន ដោយសម្តេចបានបន្ថែមថា អាចមានសហគ្រាសប្រមាណ ២១.០០០ ដែលទទួលបានផលប្រយោជន៍ពីការបញ្ចុះតម្លៃភ្លើងអគ្គិសនីនេះ៕