(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា សូមគោរពជូនដំណឹងដល់ អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ដែលជាសមាជិក-សមាជិកា ស្តីពីការរៀបចំពិធីចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតដោយនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នេះ សមាគមឧកញ៉ាកម្ពុជា នឹងថ្វាយព្រះអង្គទាំងទ្វេនូវរបាយការណ៍សកម្មភាពដែលសមាគមសម្រេចបាននាពេលកន្លង មកព្រមទាំងតង្វាយជា អង្ករ និងថវិការបស់សមាគមសម្រាប់ព្រះរាជសកម្មភាពសប្បុរសធម៌ជាកិច្ចតបស្នងព្រះរាជគុណូបការៈដ៏ថ្លៃថ្លាដែលព្រះអង្គទាំងទ្វេតែង តែមានព្រះរាជហឬទ័យយកចិត្តទុកដាក់ និងសណ្តោសប្រណីប្រកបដោយទសពិធរាជធម៌ចំពោះប្រជារាស្ត្រជាកូនចៅរបស់ព្រះអង្គ។
សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអ្នកមានគោរមងារឧកញ៉ាជាច្រើននៅទូទាំងប្រទេសកម្ពុជា ព្រមទាំងអ្នកជំនួញ ពាណិជ្ជករធំៗ និងតំណាងពីវិស័យឯកជនសំខាន់ៗមួយចំនួនទៀត។
នាពេលកន្លងមក សមាគមឧកញ៉ាកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសង្គមសំខាន់ៗដូចជា៖ បានចូលរួមជាប្រចាំជាមួយកាកបាទក្រហមកម្ពុជា, បានចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ, បានចូលរួមបរិច្ចាគថវិកាជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកម្ពុជា (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែ, បានចូលរួមបរិច្ចាគថវិកាក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ក៏ដូច ជាបានចូលរួមបរិច្ចាគថវិកាសាងសង់អគារពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ៕