(ព្រះសីហនុ)៖ ធនាគារ វឌ្ឍនៈ ទើបតែបានសម្ពោធបើកដំណើរការជាផ្លូវការសាខាថ្មីទី៣៧ ដែលមានទីតាំងស្ថិតនៅវិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ពាណិជ្ជករ ធំៗព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ក៏បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធទីតាំងទី៣៧ថ្មីនេះព្រមទាំងបានអបអរសាទរចំពោះ អ្នកឧកញ៉ា សំ អាង ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដែលបានទទួលភាពជោគជ័យក្នុងការពង្រីកសាខាដ៏ធំនាដែនដីមាត់សមុទ្រនេះ។ ជាមួយគ្នានេះក៏មានវត្តមាន អ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកឧកញ៉ា ឡាវ កាង និង និងឧកញ៉ា អ៊ីន កួត សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានចំនួន ៣៧ សាខាដោយនៅរាជធានីភ្នំពេញមាន ១៤សាខា និងនៅតាមបណ្តាខេត្តមាន ២៣សាខា។ សម្រាប់សាខាថ្មីនៅខេត្តព្រះសីហនុ មានផ្តល់ជូននូវសេវាធនាគារគ្រប់ប្រភេទ ដូចជា សេវាកម្មមាស សេវាកម្មប្រាក់បញ្ញើ ឥណទាន ការផ្ទេរប្រាក់ អេធីអ៊ឹម ជាពិសេសសេវាធនាគារឌីជីថល រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ។ ប្រជាពលរដ្ឋ និងអាជីវកម្មក្នុងខេត្តព្រះសីហនុ ក៏អាចបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ និងបង់ប្រាក់ពន្ធគយ-រដ្ឋាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងទូទាត់សេវាសាធារណៈជាច្រើនបានយ៉ាងងាយស្រួល។