វើលដ៏ប្រ៊ីដ គ្រុប បង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជាដោយចាប់ដៃគូជាមួយក្រុមហ៊ុនចិនដ៏ធំមួយ

by | Sep 8, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (Worldbridge Group) ​​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​រួមគ្នា ជាមួយ​ក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូលមួយរបស់ប្រទេសចិន។ កិច្ចព្រមព្រៀងនេះ មានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែចង្វាក់ពាណិជ្ជកម្មរវាងតំបន់ទាំងពីរ។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បាន​លើក​ឡើង​ថា កិច្ចសហប្រតិបត្តិការ​នេះ​ នឹងជួយកម្ពុជាក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់ «ម៉ាកយីហោពាណិជ្ជកម្មសកល» (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា និងបណ្តាប្រទេស​អាស៊ានដទៃទៀត។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ជាជំហានឆ្ពោះ​ទៅមុខដ៏​សំខាន់​មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន ដែលនឹងជួយ​ជំរុញ​ដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ៕