ឥណ្ឌូនេស៊ី រីករាយក្នុងការបញ្ជាទិញអង្ក ២៥ម៉ឺនតោនក្នុងមួយឆ្នាំពីកម្ពុជា

by | Sep 5, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ឥណ្ឌូនេស៊ី៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Jakarta Globe កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ថា ភាគីឥណ្ឌូនេស៊ីបានសម្រេចបញ្ជាទិញអង្កប្រមាណ ២៥០,០០០ តោនពីកម្ពុជាដែលជាផ្នែកមួយនៃការរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។

លោក Joko Widodo បានបញ្ជាក់ថា លោកមានក្តីរីករាយចំពោះការឆ្លើយជាវិជ្ជមានរបស់កម្ពុជាលើការយល់ព្រមផ្គត់ផ្គង់អង្កទាំង ២សែន ៥ម៉ឺនតោន ខណៈដែលប្រទេសដែនកោះដ៏ធំនេះទើបទទួលបានការបដិសេធពីប្រទេសឥណ្ឌាលើគម្រោងនាំចូលអង្កប្រមាណជា ១លានតោននោះ។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាន​​ឱ្យដឹងថា ក្រុមហ៊ុន Bulog ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​បន្ទុក​ទិញ​អង្ករ​ចំនួន ២ លាន​តោន​ពី​ប្រទេស​ថៃ និង​វៀតណាមហើយគិតមកទល់ពេលនេះទីតាំងស្តុកអង្ករជាតិនៅក្នុងឃ្លាំង Bulog បានកើនឡើងដល់ជិត ១.៦លានតោន និងបន្ថែមពីលើការផ្គត់ផ្គង់អង្ករចំនួន ៤០០,០០០តោនពីប្រទេសជិតខាងដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងពីមុនដើម្បីបង្កើនទុនបម្រុងស្បៀងក្នុងករណីមានគ្រោះទុរ្ភិក្ស និងការរំខានដល់ការប្រមូលផលដែលបណ្តាលមកពីបាតុភូត El Nino៕