ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងដំឡើងឋានៈថ្នាក់ដឹកនាំ ៣រូបនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

by | Sep 1, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យត្រាស់បង្គាប់តែងតាំង និងដំឡើងឋានៈ ថ្នាក់ដឹកនាំ ៣រូបនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាមរយៈព្រះរាជក្រឹត្យ នស/រកត/០៨២៣/​២០៤៨ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។​

ក្នុងព្រះរាជក្រឹត្យបានត្រាស់បង្គាប់តែងតាំង និងដំំឡើងឋានៈ ឯកឧត្តម ជា វុទ្ធី ជាអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តម រុិត វុទ្ធី ត្រូវបានត្រាស់បង្គាប់តែងតាំងជា អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ចំណែក ឯកឧត្តម គង់ វិមាន ក៏ត្រូវបានត្រាស់បង្គាប់តែងតាំងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ផងដែរ។

សូមជម្រាបថា ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែគាំទ្រយ៉ាងក្លៀវក្លាចំពោះសកម្មភាពនៃសមាគមឧកញ៉ាកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឱ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជាហើយស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់តែម្តង។ ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា បានផ្ញើរសារចូលរួមសូមអបអរសាទរជូនចំពោះថ្នាក់ដឹកនាំទាំង ៣ រូបសូមទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចប្រកបដោយសុខភាពល្អបរិបូណ៌ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕