មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូន និយ័តករមូលបត្រកម្ពុជា លើសេវាកម្មសុខាភិបាលឯកជន

by | Aug 25, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោកជំទាវឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា គួន ធីតា ដែលជាសមាជិកាសមាគមឧកញ៉ាកម្ពុជាផងដែរ បានមានមតិស្វាគមន៍ថា  «មន្ទីរពេទ្យអន្តរជាតិអរៀនដា យើងខ្ញុំផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា៖ ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី កុមារ ជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ២៤ម៉ោង និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកមួយទៀតដែលជាផ្នែកថ្មី និងដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា គឺផ្នែកប្រឆាំងភាពចាស់ ដែលយើងខ្ញុំមានក្រុមគ្រូពេទ្យជំនាញមកពីបរទេសដែលនឹងធ្វើការស្វែងរកភាពមិនប្រក្រតី និងអតុល្យភាពក្នុងរាងកាយអ្នកជំងឺបន្ទាប់មកគ្រូពេទ្យនឹងរៀបចំវីតាមីនទៅតាមអាការៈអ្នកជំងឺដើម្បីឲ្យអ្នកជំងឺមានសុខភាពល្អទប់ស្កាត់ជំងឺ និងកាត់បន្ថយភាពចាស់»។

ជាកិច្ចបន្ទាប់ ឯកឧត្តម ស៊ូ សុជាតិ បានមានមតិសំណេះសំណាល និងលើកឡើងថា ឯកឧត្តម ពិតជាមានសេចក្តីសោមន្សរីករាយណាស់ក្នុងការសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលជាមន្ទីរពេទ្យឯកជនដ៏ធំមួយមាន​​​ស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានបន្ថែមថា កិច្ចសហការនេះ មិនមែនត្រឹមតែផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជន សម្រាប់តែនិយ័តករមូលបត្រកម្ពុជានោះទេ ប៉ុន្តែគឺសម្រាប់មន្រ្ដីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារទាំងអស់តែម្ដង។

លោកជំទាវឧកញ៉ា គួន ធីតា បានបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទស្សនវិស័យចង់ឲ្យប្រជាពលរដ្ឋទទួលបានសេវាកម្មដែលមានស្តង់ដារអន្តរជាតិនៅក្នុងស្រុកដោយមិនចាំបាច់ចំណាយច្រើនក្នុងការចេញទៅក្រៅប្រទេស ពោលគឺអាចទទួលយកសេវាកម្មមួយដ៏ល្អ មានសុវត្ថិភាព និងទំនុកចិត្តនៅទីនេះដោយផ្ទាល់។ សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានបន្ទប់សម្រាកសរុបចំនួន ១១១បន្ទប់ ហើយអគារទាំងមូលត្រូវបានសាងសង់ឡើងស្របតាមរចនាបទតាមបែបអាផាតមិនដើម្បីផ្តល់ជូនអតិថិជនដែលមកពិនិត្យ ព្យាបាល និងសម្រាកមានអារម្មណ៍កក់ក្តៅ ផាសុកភាព ប្រៀបដូចជាកំពុងសម្រាកនៅផ្ទះរបស់ខ្លួនដូច្នោះដែរ។ ចំពោះតម្លៃនៃការសម្រាលកូនដោយធម្មជាតិ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា គឺមានតម្លៃចាប់ពី ១០៩៩ដុល្លារតែប៉ុណ្ណោះដោយអតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិដ៏មានសុវត្ថិភាព គុណភាព និងផាសុខភាព និងមានវេជ្ជបណ្ឌិតឯកទេស រួមទាំងគិលានុបដ្ឋាយិកាជំនាញ ចូលរួមសម្រាលកូនរហូតដល់ ០៩នាក់ ហើយអតិថិជន និងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវកញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ រាល់ពេលដែលអតិថិជនជាវកញ្ចប់សម្រាលនេះ។

ជាពិសេសពីថ្ងៃនេះរហូតដល់ចុងខែសីហា ចំពោះសេវាកម្មពិនិត្យសុខភាពទូទៅនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា កំពុងមានការផ្តល់ជូនការបញ្ចុះតម្លៃពិសេស ៥០% ដោយអតិថិជនចំណាយត្រឹមតែ ២០០ដុល្លារ តែប៉ុណ្ណោះនឹងទទួលបានកញ្ចប់ពិស្តារ រួមមានការពិនិត្យរហូតដល់ ២៧មុខងារនៃសារពាង្គកាយ និងជួបពិគ្រោះសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ឆ្នាំហើយការបកប្រែលទ្ធផលថតគឺធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរីថមទៀតផង៕