ប្រមុខរាជរដ្ឋាភិបាលថ្មីកំណត់ គោលនយោបាយអាទិភាពទាំង ៦ ដែលនឹងអនុវត្តភ្លាមៗក្នុងឆ្នាំ២០២៣នេះ

by | Aug 25, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឧទ្ទេសនាមស្តីពី «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ។ ជាមួយគ្នានេះដែរ ក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានប្រកាសអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ភ្លាមៗក្នុងឆ្នាំ២០២៣នេះដើម្បីគោរពតាមអ្វីដែលបានសន្យាជាមួយម្ចាស់ឆ្នោត។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ រួមមាន៖

ទី១៖ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល

ទី២៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យនៅទូទាំងប្រទេស

ទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ ឬងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន

ទី៤៖ ការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យបានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ

ទី៥៖ ការដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ

ទី៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស និងបង្កើតឱ្យមានសមាគមកសិករ នៅតាមជនបទ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល បានកំណត់បញ្ហាប្រឈមជាអាទិភាពមួយចំនួនដែលទាមទារការដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានដូចជា ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាមួយនឹងបាវចនា, កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យចង់លើកស្ទួយមោទកភាពជាតិសម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ឲ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈ ការកសាងជាតិមួយឲ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕