វិនិយោគិនមកពីទីក្រុងហ្វ៊ូចូវនៃប្រទេសចិន បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា

by | Aug 23, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍ និងសណ្ឋាគារប្រចាំខេត្តហ្វូជៀន ដែលដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ៊្វូចូវ។

ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។​ ឯកឧត្តមក៏បានគូសរំលេច អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូខេត្តហ្វូជៀននឹងសិក្សាលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕

សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំជាង ៧ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៣ ពោលគឺមានការកើនឡើង ១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៦.៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា