(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់ (RCEP: PART 1—GEO-POLITICAL, GEO-ECONOMIC AND LEGAL ANALYSIS)» នៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CAMTECH University) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាម៉េរិក ពោលគឺកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កន្លងមក។
យោងតាមរបាយការណ៍សង្ខេប ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ទំនិញរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស ៣ ច្រើនជាងគេរួមមាន៖ វៀតណាមប្រមាណ ១.៤៣ ពាន់លានដុល្លារអាម៉េរិកដោយមានកំណើន២២% ប្រទេសចិនចំនួន ៧១៣លានដុល្លារអាម៉េរិកកើនឡើង១៧% និងប្រទេសជប៉ុនក្នុងរង្វង់ទឹកប្រាក់ ៥៤៥លានដុល្លារអាម៉េរិកកើននិងមានការកើនឡើង ១%។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ឬ Regional Comprehensive Economic Partnership (RCEP) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវីជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា កំណើននៃការនាំចេញនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសជាសមាជិក អាសិប គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កម្ពុជា ហើយជាមួយនឹងការអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងនេះ ឯកឧត្តម ជឿជាក់ថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសជាសមាជិកអាសិបនឹងមានការកើនឡើងថែមទៀតក្នុងឆមាសទី២នៃឆ្នាំ២០២៣ក៏ដូចជាក្នុងឆ្នាំ២០២៤ខាងមុខផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនថែមទៀតដើម្បីឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាពី ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ឬ Regional Comprehensive Economic Partnership (RCEP) រួមមានសមាជិកអាស៊ានទាំង ១០ព្រមទាំងដៃគូពាណិជ្ជកម្ម៥ប្រទេសទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ញូវហ្សេឡែន៕