ពិធីប្រកាសផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គីក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

by | Jun 13, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមឧកញ៉ាកម្ពុជាបានរៀបចំពិធីប្រកាសផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអ្នកមានគោរមងារឧកញ៉ាជាច្រើននៅទូទាំងប្រទេសកម្ពុជា ព្រមទាំងអ្នកជំនួញ ពាណិជ្ជករធំៗ និងតំណាងពីវិស័យឯកជនសំខាន់ៗមួយចំនួនទៀត។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធី អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានជាអធិបតីដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម។ បន្ទាប់មក អ្នកឧកញ៉ា លី យ៉ុងផាត់

បានរាយការណ៍ដោយសង្ខេបជូនអង្គពិធីអំពីការផ្តួចផ្តើមគំនិតបង្កើតសមាគមឧកញ៉ាកម្ពុជាដោយថ្លែងថា៖ គោរមងារឧកញ៉ា ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះប្រើសំដៅលើមន្រ្តីជាន់ខ្ពស់របស់រដ្ឋបាលកណ្តាលដែលគេនិយមហៅថា “ចតុស្តម្ភ”។ គោរមងារ “ឧកញ៉ា” នាពេលនោះមានដូចជា ឧកញ៉ាយមរាជ (រដ្ឋមន្រ្តីក្រសួងយុត្តិធម៌) ឧកញ៉ាក្រឡាហោម (រដ្ឋមន្រ្តីក្រសួងទ័ពជើងទឹក)។ ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង) និង ឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទ័ពជើងគោក) នេះយោងតាមសៀវភៅដែលរៀបរៀងដោយសាស្ត្រាចារ្យ ត្រឹង ងា។

នៅត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ានិងឧកញ៉ា មានចំនួន១២៩៩រូប ដែលត្រូវបានប្រោសប្រទានគោរមងារដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ស្របគ្នានឹងចំនួនដ៏ច្រើនគួរសមនេះ គោរមងារឧកញ៉ា ហាក់មានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនាពេលមួយរយៈចុងក្រោយនេះដោយមូលហេតុមួយចំនួន។ ដូច្នេះហើយ ក្នុងគោលបំណងលើកកម្ពស់នូវគុណតម្លៃ និងឧត្តមភាពនៃគោរមងារឧកញ៉ាឡើងវិញស័ក្តិសមទៅនឹងការប្រោសប្រទានដោយព្រះមហាក្សត្យ និងដោយមើលឃើញពីភាពចាំបាច់នៃការបង្រួបបង្រួម និងវេញគ្នាជាធ្លុងមួយដើម្បីបង្កើនប្រជាប្រិយភាព ពង្រឹងកេរ្តិ៍ឈ្មោះ រឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ ស្និទ្ធស្នាល និងសុខដុមក្នុងរង្វង់មហាគ្រួសារឧកញ៉ាកម្ពុជា អ្នកឧកញ៉ា និងសហស្ថាបនិកចំនួន៣១នាក់ទៀតបានផ្តួចផ្តើមគំនិតបង្កើតជាសមាគមឧកញ៉ាកម្ពុជានេះឡើង និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានបន្តថា បច្ចុប្បន្ន សមាគមមានសមាជិកចំនួន២៣០រូប ក្នុងនោះ ៣២រូបជាសមាជិកស្ថាបនិកនិងជាក្រុមប្រឹក្សាភិបាល ២២រូបជាសមាជិកសកម្ម និង១៧៦រូបជាសមាជិកទ្រទ្រង់។ សមាគមត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលដែលមានអាណត្តិ៥ឆ្នាំ និងគណៈកម្មការជំនាញចំនួន៤ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។ បន្ថែមពីលើនេះ ដើម្បីធានានូវប្រសិទ្ធភាពនៃដំណើការ និងភាពជោគជ័យ សមាគមមានឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ជាមគ្គទេសក៍បង្ហាញផ្លូវ និងផ្តល់នូវបទពិសោធន៍ល្អៗសម្រាប់ការដឹកនាំ។ សមាសភាពរបស់ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់រួមមាន៖

ទី១. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស

ទី២. អនុប្រធានកិត្តិយស មានចំនួន៤រូប គឺ៖

– សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

– សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

– សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច

– ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ទី៣. ទីប្រឹក្សាជាន់ខ្ពស់ មានចំនួន៨រូប គឺ៖ អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ឡាវ ម៉េងឃីន អ្នកឧកញ៉ា សុខ គង់ អ្នកឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា ហុង ពីវ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឃុន សៀ និងឧកញ៉ា ឈុន អូន។

ទី៣. ទីប្រឹក្សាជាន់ខ្ពស់ មានចំនួន៨រូប គឺ៖ អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ឡាវ ម៉េឃីន អ្នកឧកញ៉ា សុខ គង់ អ្នកឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា ហុង ពីវ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឃុន សៀ និងឧកញ៉ា ឈុន អូន។

កន្លងមក សមាគមឧកញ៉ាកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសង្គមសំខាន់ៗដូចជា៖

ទី១. បានចូលរួមជាប្រចាំជាមួយកាកបាទក្រហមកម្ពុជា

ទី២. បានចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ទី៣. បានចូលរួមបរិច្ចាគថវិកាជាមួយសាលារាជធានីភ្នំពេញដើម្បីទិញស្បៀង អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងអំឡុងពេលបិទខ្ទប់នៃការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។

ទី៤. បានចូលរួមបរិច្ចាគថវិកាជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកម្ពុជា (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែ។

ទី៥.បានចូលរួមបរិច្ចាគថវិកាក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

ទី៦. បានចូលរួមបរិច្ចាគថវិកាសាងសង់អគារពុទ្ធិកសកលវិទ្យាល័យព្រះសីហមនីរាជា។

មុននឹងបញ្ចប់ អ្នកឧកញ៉ាបានអំពាវនាវដល់អ្នកមានគោរមងារឧកញ៉ាទាំងអស់អញ្ជើញចុះឈ្មោះចូលរួមជាសមាជិកសមាគមដើម្បីរួមគ្នាលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ា តាមរយៈការប្រមូលកម្លាំងធនធាន ប្រាជ្ញា និងបទពិសោធន៏ចូលរួមជួយអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នៅទីបញ្ចប់ អ្នកឧកញ៉ា លី យ៉ុងផាត់ននិងសហការីនៃសមាគមឧកញ៉ាកម្ពុជា ក៏បានគោរពស្នើសុំមតិណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី លើចំនុចសំខាន់ៗមួយចំនួនសម្រាប់ការដឹកនាំជាយុទ្ធសាស្ត្រ និងដំណើរការប្រកបដោយប្រសិទ្ធិភាព និងភាពជោគជ័យសម្រាប់សមាគមនាពេលអនាគត។

ដោយឡែក ផ្លែងក្នុងមតិសំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីមួយស្តីពីឧកញ៉ា ហើយសេចក្តីព្រាងចុងក្រោយបានទៅដល់តុរបស់សម្តេចហើយ តែនឹងមានកែសម្រួលមាត្រាមួយចំនួន។ នៅពេលព្រះរាជក្រឹត្យចេញ សម្តេចតេជោ អនុញ្ញាតឱ្យអ្នកឧកញ៉ា លី យ៉ុង ផាត លើកសំណើផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» ដែលជាគោរមងារថ្នាក់ខ្ពស់បំផុត។

សម្តេចតេជោ មានសេចក្តីរីករាយនិងកោតសរសើរខ្ពស់ចំពោះគំនិតផ្តួចផ្តើមបង្កើតសមាគមនេះឡើង និងបានកត់សម្គាល់ថា ឧកញ៉ានៅកម្ពុជាតែងចូលរួមក្នុងសកម្មភាពសង្គមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ សម្តេច បានចាត់ទុកការចូលរួមចំណែករបស់ឧកញ៉ាក្នុងសង្គម ជាការស្តែងឱ្យឃើញនូវប្បធម៌ចែករំលែកប្រកបដោយទឹកចិត្តសម្បុរសធម៌ និងសាមគ្គីភាព។ ស្របគ្នានេះដែរ រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។ ៥ឆ្នាំចុងក្រោយ ទុនវិនិយោគក្នុងស្រុកតែងជាប់លេខរៀងទី១ ឬទី២។ ការវិនិយោគក្នុងស្រុកបានរួមចំណែកធំធេងក្នុងសង្គមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។ ក្នុងហេតុផលនេះហើយ ទើប សម្តេច បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

សម្តេច បានអំពាវនាវដល់ឧកញ៉ាប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងបណ្តាញ ឬបក្ខពួកនោះឡើយ។ ឧកញ៉ាទាំងអស់ត្រូវតែគោរពអោយបានខ្ជាប់ខ្ជួននូវរាល់លិខិតបទដ្ឋានគតិយុទ្ធជាធរមានទាំងឡាយ ដើម្បីរក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។

សម្តេច មានអារម្មណ៍រំភើបរីករាយប្រកបដោយមោទនភាពជាទីបំផុតដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកល។

ក្រោយពីបានបញ្ចប់មតិសំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់ពានសរសើរជាកិត្តិយសដល់សមាជិកស្ថាបនិកនិងជាក្រុមប្រឹក្សាភិបាលទាំង៣២រូប និងទីប្រឹក្សាជាន់ខ្ពស់ចំនួន៨រូបរបស់សមាគមផងដែរ។