អ្នកឧកញ៉ា គង់ សាង (Neak Oknha Kong Sang) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៤៩ នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរឆ្នាំ១៩៩០មកម្ល៉េះ ដោយក្នុងចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៦ បាននាំចូលនូវផលិតផលមួយចំនួនពីបរទេសមកលក់ក្នុងប្រទេស ជាពិសេសក្រណាត់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
នាចុងឆ្នាំ១៩៩៦ លោកនិងដៃគូធុរជនចិនតៃវ៉ាន់បានបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជា ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន អ្នកឧកញ៉ា គង់ សាង ក៏ជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងជាអនុប្រធាននៃសមាគម WU Chinese Association in Cambodia (WAC) ផងដែរ។
ក្នុងអាជីពជាអ្នកវិនិយោគ លោកត្រូវបានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ អ្នកឧកញ៉ា បានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕