អំពី សមាគមឧកញ៉ាកម្ពុជា
១) សមាគមឧកញ៉ាកម្ពុជា (សរសេរជាអក្សរកាត់ ស.ឧ.ក) ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជាក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ សមាគមឧកញ៉ាកម្ពុជា គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ និងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។ ស.ឧ.ក. មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយជាយុទ្ធសាស្ដ្រផ្សេងៗ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា។
២) រចនាសម្ព័ន្ធអង្គការចាត់តាំង យោងតាមលក្ខន្ដិកៈ រចនាសម្ព័ន្ធអង្គការចាត់តាំងនៃ ស.ឧ.ក. មាន៖ សន្និបាត ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ ក្រុមប្រឹក្សាភិបាល គណៈកម្មការជំនាញ និង អគ្គលេខាធិការដ្ឋាន។ ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ រួមមាន៖ ប្រធានកិត្តិយស អនុប្រធានកិត្តិយស និងទីប្រឹក្សាជាន់ខ្ពស់។ ប្រធានកិត្តិយស គឺជាឥស្សរជនជាន់ខ្ពស់បំផុតនៃរាជរដ្ឋាភិបាលដែលត្រូវបានគោរពស្នើសុំការអនុញ្ញាត និងគោរពអញ្ជើញដោយផ្ទាល់ពីប្រធានក្រុមប្រឹក្សាភិបាលក្នុងអាណត្តិ។ បច្ចុប្បន្ន ក្នុងអាណត្តិដំបូង ស.ឧ.ក ដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក ចំនួន ៣២រូប។ ប្រតិបត្តិការប្រចាំថ្ងៃត្រូវបានអនុវត្តដោយក្រុមលេខាធិការដ្ឋាន ដែលដឹកនាំដោយ អគ្គលេខាធិការ ១រូប។
៣) ទស្សនៈវិស័យ ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សានិងលើកកម្ពស់ឧត្តមភាពដ៏ឧត្តុងឧត្តមនៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និង ការរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។
៤) បេសកកម្ម បេសកកម្មចំបងៗរបស់ ស.ឧ.ក មានដូចខាងក្រោម៖
- ធ្វើជាតំណាង និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ឧកញ៉ាដែលជាសមាជិក
- កសាងទំនាក់ទំនងឱ្យមានភាពសិ្នទ្ធស្នាលប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ដោយបង្ហាញនូវឆន្ទៈពិតប្រាកដ ដើម្បីបង្កើតឱ្យមានជំនឿទុកចិត្តគ្នាក្នុងភាពជាមហាគ្រួសារឧកញ៉ា
- រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់
- លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា
- បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៥) ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល៖អនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ាបានទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាជាផ្លូវការក្នុងនាមជាដៃគូរាជរដ្ឋាភិបាលលើការងារដូចជា៖
- ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ស្របតាមព្រះរាជក្រឹត្យនេះ
- ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើរបាយការណ៍បច្ចុប្បន្នភាពមកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ)
- ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើសុំផ្តល់ងារជាកិត្តិយស ការលើកទឹកចិត្ត ឬការចាត់តាំងក្នុងមុខងារនានាដល់គោរមវន្ត ស្របតាមមាត្រា១៦ នៃព្រះរាជក្រឹត្យនេះ
- ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីផ្តល់ប្រយោជន៍ដល់សង្គមជាតិ
- អនុវត្តការងារផ្សេងទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល។
៦) ការចូលរួមរបស់ ស.ឧ.ក ជាមួយរាជរដ្ឋាភិបាលក្នុងពេលកន្លងមក៖
-
បានថ្វាយដង្វាយជាអង្ករ និងថវិកា ថ្វាយ អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដើម្បីចូលរួមដង្ហែព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ
-
បានចូលរួមកសាងអគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
-
បានគាំទ្រ និងបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជាតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ
-
បានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ និងខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
-
បានចូលរួមជាមួយសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែ
-
បាននាំយកបច្ច័យដើម្បីជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត
-
បានចែកកាបូប និងសម្លៀកបំពាក់ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាស្រះឈូក ក្នុងខេត្តឧត្តរមានជ័យ
-
បាននាំយកសំលៀកបំពាក់ សម្ភារៈសិក្សា និងថវិកាដើម្បីឧបត្ថម្ភដល់សិស្សានុសិស្ស និងសម្រាប់កសាងហេដ្ឋារចនាសម័្ពន្ធនានានៅក្នុងសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
-
បាននាំយកសំលៀកបំពាក់ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កុមាដែលកំពុងស្ថិតនៅក្នុងការថែទាំក្នុងមណ្ឌលកុមារកំព្រាចំនួន ៤កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ
-
ចូលរួមថវិកាជាមួយក្រសួងយុត្តិធម៌ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមចំនួន ២នៅខេត្តបាត់ដំបង និងខេត្តព្រៃវែង
- ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) នៅខេត្តកំពង់ស្ពឺ និងវត្តមហាមន្ត្រី ក្នុងរាជធានីភ្នំពេញ
- បានចូលរួមជាបច្ច័យកសាងសារមន្ទីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងខេត្តសៀមរាប
- បានចូលរួមថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
-
និងបានចូលរួមបរិច្ចាគថវិកាជាមួយសាលារាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់នៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ជាដើម។
៧) ការចូលជាសមាជិកភាព
៧.១ លក្ខខណ្ឌតម្រូវនៃសមាជិកភាព
ឧកញ៉ាដែលអាចស្នើសុំចូលជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបំពេញរាល់លក្ខខណ្ឌតម្រូវដូចខាងក្រោម៖
- បានទទួលគោរមងារជាឧកញ៉ាដែលមាននិយមន័យដូចកំណត់នៅក្នុងប្រការ ២ នៃលក្ខន្ដិកៈ ស.ឧ.ក.
- មិនធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
- មានសេចក្ដីថ្លៃថ្នូរ និងសុចរិតភាព ក្នុងសង្គមនិងក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈ និង
- មានឆន្ទៈ និងភាពស្មោះត្រង់ក្នុងការចូលរួមរាល់សកម្មភាពការងាររបស់ ស.ឧ.ក.។
៧.២ បែបបទនៃការសុំចូលជាសមាជិក
- ត្រូវបំពេញសំណុំឯកសារនៃការដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក. ដូចខាងក្រោម៖
- ពាក្យសុំចូលជាសមាជិក ១ (មួយ) ច្បាប់
- ជីវប្រវត្តិសង្ខេប ១ (មួយ) ច្បាប់
- រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ (បី) ខែ ទំហំ ៤x៦ (បួនគុណប្រាំមួយ) ចំនួន ៣ (បី) សន្លឹក
- ច្បាប់ថតចម្លងដែលមានការបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើមនៃព្រះរាជក្រឹត្យ ដែលផ្ដល់គោរមងារជាឧកញ៉ា ១ (មួយ) ច្បាប់ និង
- លិខិតថ្កោលទោស ១ (មួយ) ច្បាប់។
សំណុំឯកសារនៃការដាក់ពាក្យសុំចូលជាសមាជិកភាព ត្រូវដាក់នៅអគ្គលេខាធិការដ្ឋាន ស.ឧ.ក. ដែលត្រូវពិនិត្យពីភាពត្រឹមត្រូវ និងពេញលេញនៃសំណុំឯកសារ មុននឹងដាក់ជូនគណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌ដែលត្រូវពិនិត្យ និងសម្រេចលើការបញ្ចូលឧកញ៉ាជាសមាជិក ស.ឧ.ក.។