អ្នកឧកញ៉ា ហ៊ុន ឡាក់ (Neak Oknha Hun Lak) កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅក្រុងភ្នំពេញ ។ ក្រោយរបបខ្មែរក្រហម លោកបានចាប់ផ្តើមដោយការលក់នំដើម្បីជីវភាពក្នុងវ័យ១៤ឆ្នាំដោយមានឈាមជ័រជាសហគ្រិនទាំងវ័យក្មេងលោកបានខិតខំតស៊ូពីបាតដៃទទេរហូតនៅឆ្នាំ១៩៨៩ លោកបានរៀបអាពាហ៍ពិពាហ៍និងបានរួមគ្នាបង្កើតក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចភោជនីយដ្ឋាន និងទេសចរណ៍ជាមួយបងប្រុស។ នៅឆ្នាំ១៩៩៦ លោកបានបង្កើតក្រុមហ៊ុនផ្តល់សេវាទូទៅផ្នែកអនាម័យនិងកម្ចាត់សត្វល្អិត ដែលចាប់ផ្តើមពីបុគ្គលិកជាងដប់នាក់ និងបានពង្រីករហូតបានជាងមួយពាន់នាក់។ ក្រោយទទួលបានការរីកចម្រើន លោកក៏បានពង្រីកមុខរបរអាជីវកម្មជាបន្តបន្ទាប់។ បច្ចុប្បន្ន អ្នកឧកញ៉ា ហ៊ុន ឡាក់ មានក្រុមហ៊ុនមួយចំនួនរាប់បញ្ចូលក្រុមហ៊ុនក្នុងវិស័យកសិពាណិជ្ជកម្មជាដើម។
ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះលោកបានប្រឹងប្រែងរកលទ្ធភាពទំនាក់ទំនងបើកទីផ្សារនិងបង្កើនខ្សែចង្វាក់តម្លៃបន្ថែមក្នុងស្រុកដើម្បីធ្វើឱ្យក្រុមហ៊ុនបន្តមាននិរន្តរភាពនិងភាពរីកចម្រើនចូលរួមក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានច្រើន។
បទពិសោធន៍ការងារ និងតួនាទីក្នុងសង្គម៖ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា, ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា។
កិច្ចការមនុស្សធម៌៖ បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា, សកម្មភាពបោសសម្អាតគ្រាប់មីន, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យហ្លួងម៉ែតាមរយៈមូលនិធិគ្រូពេទ្យយុវជនស្ម័គ្រចិត្តធិតា ជាដើម។
អ្នកឧកញ៉ា ទទួលបានមេដាយជាតិជាបន្តបន្ទាប់ថ្នាក់មុនីសារភ័ណ្ឌ, ថ្នាក់មហាសេរីវឌ្ឍន៍, និងមេដាយថ្នាក់កំពូល “ជាតូបការ” ក្នុងឆ្នាំ២០១៧ ។