សម្តេចធិបតី អនុញ្ញាតឱ្យប្រតិភូសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

by | Dec 25, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានអនុញ្ញាតឱ្យ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា​ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​ ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ផ្តោតលើការកសាងផ្លូវ​ក្រវាត់ព្រំដែនក្រោមស្មារតីវប្បធម៌ចែករំលែក។

សម្តេចបានបន្ថែមថា៖ «នេះជាប្រវត្តិសាស្ត្ររបស់យើងដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ​ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ​ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា​តាមរយ:ការអភិវឌ្ឍផង​ និងប្រជាជនផង។»

សូមបញ្ជាក់ថា តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែននោះ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕