ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤»

by | Nov 19, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា សហការជាមួយ សមាគមជប៉ុន-កម្ពុជា បានរៀបចំពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុន-កម្ពុជាដែលមានចំនួនសរុបប្រមាណ ១២០រូប។

ក្នុងឱកាសនេះដែរ ឯកឧត្តម TAKAHASHI Fumiaki បានថ្លែងថា ​ជំនួបផ្គូផ្គងធុរកិច្ចនេះ បានធ្វើឡើងក្រោយកិច្ចពិភាក្សាការងាររវាងភាគីសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅទីក្រុងតូក្យូ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងផ្តល់នូវការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពវិនិយោគនៅកម្ពុជានិងផ្តល់នូវកាលានុវត្តភាពក្នុងការជ្រើសរើសដៃគូសម្រាប់ធ្វើជំនួបផ្គូផ្គងទៅតាមវិស័យនៃអាជីវកម្មរបស់ខ្លួន។ ដូច្នេះ ឯកឧត្តមមានសុទិដ្ឋិនិយមថា តាមរយៈជំនួបនាថ្ងៃនេះ ភាគីទាំងពីរនឹងបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកប្រកបដោយទំនុកចិត្ត។

លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ បានថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម TAKAHASHI Fumiaki ព្រមទាំងធុរជនជប៉ុនដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាកិច្ចសហការលើកដំបូងរវាងសមាគមទាំងពីរ ដែលសមាគមឧកញ៉ាកម្ពុជាស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការធុរកិច្ច និងការវិនិយោគផងដែរ។

លោកជំទាវក៏បានជម្រាបជូនអង្គពិធីទាំងមូលនូវចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ដែលកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេស សកម្មភាពសង្គមកិច្ចនិងមនុស្សធម៌ ដើម្បីធានាឱ្យបាននូវភាពសុខសាន្ត និងភាពរីកចម្រើនដល់ប្រជាជនកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាបណ្ដុំធុរជនមកពីចម្រុះវិស័យក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានសមាជិកសរុប ៤២០ រូប ដែលកំពុងគ្រប់គ្រងក្រុមហ៊ុន និងសហគ្រាសរហូតដល់ជាង ៨០០ ដោយបង្កើតការងារច្រើនជាង ៥០០.០០០ កន្លែងដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ លោកជំទាវមានទំនុកចិត្តថា ជំនួបផ្គូផ្គងធុរកិច្ចថ្ងៃនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ បង្កើនភាពស្និទ្ធស្នាល និងពង្រឹងទំនុកចិត្តរវាងធុរជននៃប្រទេសទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគឱ្យលេចចេញជារូបរាងឡើងនាពេលខាងមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍កោតសរសើរចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួនចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ជាពិសេសក្នុងសកម្មភាពជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមមានក្តីរីករាយដែលបានក្លាយជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមទាំងពីរតាមរយៈបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុនកាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះរហូតលេចចេញនូវការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចនាថ្ងៃនេះ។

ឯកឧត្តមក៏បានលើកទឹកចិត្ត និងអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាដែលមានវត្តមាននៅថ្ងៃនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ខណៈដែលគម្រោងវិនិយោគជប៉ុននៅកម្ពុជាមានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេលមុនការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្តីពីវិនិយោគ ការគោះទ្វារវិនិយោគក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានាជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈជាដើម ស្របពេលដែលកម្ពុជាមានឧត្តមភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគយ៉ាងសម្បូរបែប មានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថេរភាព មានសេដ្ឋកិច្ចបើកចំហរបំផុត កម្ពុជាក៏មានគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាផ្លូវល្បឿនលឿនដែលកំពុងសាងសង់ និងគ្រោងសាងសង់នាពេលខាងមុខ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងសាងសង់អាកាសយានដ្ឋានថ្មីជាដើម ជាពិសេសមានសុខសន្តិភាពដែលធានាដល់ការបណ្តាក់ទុនរយៈពេលវែង និងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រដែលស័ក្តិសមជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតកម្មសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងជាច្រកចូលទៅកាន់ទីផ្សារធំៗដែលមានមូលដ្ឋានអ្នកប្រើប្រាស់ច្រើន។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលសមាគមឧកញ៉ាកម្ពុជាបានរៀបចំនូវជំនួបធុរកិច្ចជាមួយភាគីដៃគូជាតិ និងអន្តរជាតិ ដោយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតនានា រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងធុរជនក្នុងស្រុកនិងក្រៅប្រទេសប្រមាណជា ៤០០រូប៕