បារាំង៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរអញ្ជើញចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្មរបស់បារាំង ក្រោមការសម្របសម្រួលពីលោកស្រី Natalie Garro ដែលជាប្រធានអង្គភាពអាជីវកម្ម។
ថ្នាក់ដឹកនាំក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា និងបានធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងភ្ជាប់នឹងបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូន និងភស្ដុរភារកម្មផងដែរ។ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍លើវឌ្ឍនភាព និងការផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសថ្មីៗនេះបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោសម្រាប់គម្រោងដឹកជញ្ជូនផ្លូវទឹក។
តបតាមបទបង្ហាញនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្ដល់ការគិតគូរលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញជូនអំពីវឌ្ឍនភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់បញ្ចូលទាំងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម។ ស្របតាមឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាបន្ថែមទៀត ព្រមទាំងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។