ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជានិងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិនឹងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលមានសមាសភាពដូចជា អ្នកឧកញ៉ា ហ៊ុន ឡាក់ ជំទាវអ្នកឧកញ៉ា គួន ធីតា និង ឧកញ៉ា លាង ពៅ ដើម្បីចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក និងចក្រភពអង់គ្លេសដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលបំពេញបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំព្រមទាំងជំនួបជាច្រើនជាមួយបណ្តាថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងវិស័យឯកជននៅក្នុងបណ្តាប្រទេសទាំងនេះក្នុងគោលបំណងផ្សព្វផ្សាយ ផ្គូផ្គងនិងធ្វើបច្ចុប្បន្នភាពអំពីកាលានុវត្តភាពវិនិយោគជូនដល់ធុរជនព្រមទាំងវិនិយោគិនដែលមានសក្តានុពល និងមានចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕