អ្នកឧកញ៉ា លាង ម៉េង ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ

by | Oct 16, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបតម្កល់ព្រះបរមរូបខាងកើតវិមានឯករាជ្យដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាចំនួន ១៨រូប។

សូមបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងជាព្រះរាជបុត្រា នៃព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ព្រះមហាកញ្ចនកោដ្ឋ និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ ព្រះអង្គបានលះបង់អស់ព្រះកាយពល និងព្រះរាជបញ្ញាញាណដើម្បីបំពេញព្រះរាជកិច្ចសំខាន់ៗសម្រាប់ប្រជាជាតិខ្មែរដោយបានទាមទារឯករាជ្យពេញលេញជូនជាតិមាតុភូមិពីអាណានិគមបារាំងព្រមទាំងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនគ្រប់វិស័យ។

ព្រះមហាវីរក្សត្របានសោយទិវង្គតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនហើយត្រូវបានដង្ហែព្រះបរមសពមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងតាមព្រះរាជបវេណីប្រកបដោយក្តីទុក្ខសោកសង្រេងរបស់ប្រជាជនខ្មែរនៅទូទាំងប្រទេស។

ទូលបង្គំនិងខ្ញុំម្ចាស់ទាំងអស់គ្នា សូមក្រាបបង្គំថ្វាយព្រះរាជកុសល និងសូមថ្វាយព្រះរាជកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលព្រះអង្គបានបន្សល់ទុកសម្រាប់ប្រជាជាតិខ្មែរជាទីស្រលាញ់របស់ព្រះអង្គ៕