កាណាដា៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា តំណាងដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការនៃសមាគម ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។
ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងចូលរួមកិច្ចប្រជុំតុមូលជាមួយ តំណាងរដ្ឋបាលខេត្តកេបិច, លោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនជាច្រើនរូប ក្រោមកិច្ចសហការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់កាណាដា។
ក្នុងជំនួបនាឱកាសនេះបានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់អំពីបទពិសោធន៍ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដាដែលកំពុងបណ្ដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជា។