សហរដ្ឋអាម៉េរិក៖ កាលពីល្ងាចថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា រួមជាមួយប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង ដែលកំពុងស្នាក់នៅក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងឡុងប៊ិច។
ក្នុងពេលវេលាប្រកបដោយសេចក្ដីសោមនស្សនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសប្បាយរីករាយចំពោះវត្តមានបងប្អូនពលរដ្ឋខ្មែរ-អាម៉េរិកាំងទាំងអស់ដែលបានទទួលស្វាគមន៍ និងបានជម្រាបជូនអំពីភាពរីកចម្រើនថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវថ្នល់ ព្រលានយន្តហោះ ហើយពិសេសថ្មីៗនេះ កម្ពុជាបានបើកជាផ្លូវការ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងជំរុញភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានមួយកម្រិតបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរ-អាម៉េរិកាំង មិនថានៅសហរដ្ឋអាម៉េរិក ឬនៅប្រទេសផ្សេងទៀតក្ដី ចូលរួមបន្តផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាទាំងវិស័យទេសចរណ៍ ការវិនិយោគ ព្រមទាំងចូលរួមថែរក្សាឱ្យបានសុខសន្តិភាព គាំទ្ររាជរដ្ឋាភិបាលកម្ពុជា បញ្ជ្រាបព័ត៌មានពិតត្រឹមត្រូវ អំពីការអភិវឌ្ឍជាក់ស្ដែងនៃសង្គមជាតិ ជាមូលដ្ឋានជំរុញកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិផងដែរ៕