ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន SpaceX

by | Sep 27, 2024 | ព្រឹត្តិការ ពត៍មាន

សហរដ្ឋអាម៉េរិក៖ តបតាមការគោរពអញ្ជើញរបស់ក្រុមហ៊ុន SpaceX គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន SpaceX របស់លោក Elon Musk កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។

គួរជម្រាបដែរថា Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិត ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX៕