ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធាន តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងក្រុមការងារអគ្គលេខាធិការដ្ឋាន បានទទួលជួបការសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្ដម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាសណ្ឋាគារភ្នំពេញ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងពិភាក្សាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប៉ាគីស្ថាន ឱ្យកាន់តែឈានខ្ពស់មួយកម្រិតទៀត។
អ្នកឧកញ៉ាអនុប្រធាន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការពង្រឹង និងពង្រីកសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើយ៉ាងណាឱ្យមានការផ្សារភ្ជាប់ទ្វេដងរវាងសហគមន៍ធុរកិច្ចកម្ពុជា និងប៉ាគីស្ថាន។ អ្នកឧកញ៉ាអនុប្រធានបានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីប្រវត្តិ សកម្មភាព ចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សមាគម ដែលជាបណ្ដុំនៃធុរជន និងវិនិយោគិនមកពីពហុវិស័យ និងជាកម្លាំងចលករមួយរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីសក្កដានុពលនៃប្រទេសប៉ាគីស្ថាន ដែលមានចំនួនប្រជាជនច្រើនជាង ២៤១,៥ លាននាក់ ជាទីផ្សារមួយដ៏ធំនៅក្នុងតំបន់ និងមានផលិតផលនាំចេញសំខាន់ៗ ដូចជា អង្ករ កប្បាស សម្លៀកបំពាក់ និងឱសថ ជាដើម ចំណែកផលិតផលនាំចូល មានដូចជា ប្រេងឆៅ ប្រេងដូង ឧស្ម័នធម្មជាតិ ដែកថែប និងគ្រឿងអេឡិកត្រូនិច ជាដើម។
យោងតាមលទ្ធផលនៃជំនួបនេះ ស្ថាប័នទាំងពីរបានព្រមព្រៀងលើការគ្រោងរៀបចំជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងប៉ាគីស្ថាន នាពេលខាងមុខ ដោយផ្ដោតលើវិស័យអាទិភាពនៃប្រទេសទាំងពីរ។