អ្នកឧកញ៉ា ហ៊ុន ឡាក់ ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូតំណាងអង្គការ JETRO ប្រចាំនៅកម្ពុជា

by | Aug 19, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានទទួលជួបការសម្ដែងការគួរសមជាមួយគណៈប្រតិភូតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅកម្ពុជាដឹកនាំដោយ លោកស្រី Haruta Marisa ដែលទើបបញ្ចប់បេសកកម្មការងារនៅកម្ពុជា និងបានធ្វើការណែនាំលោក Wakabayashi Kohei ជាប្រធានអង្គការ JETRO ដែលទើបទទួលបានការតែងតាំងភារកិច្ចថ្មីមកជំនួសលោកស្រី ។

ក្នុងឱកាសជំនួបនេះ អ្នកឧកញ៉ា អគ្គលេខាធិការ រួមនឹងសហការីនៃសមាគមឧកញ៉ាកម្ពុជាបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងស្ថាប័នទាំងពីរ ព្រមទាំងបានសម្តែងការស្វាគមន៍ចំពោះ លោក Wakabayashi Kohei ប្រធានអង្គការ JETRO ដែលទើបទទួលភារកិច្ចថ្មី និងបានលើកទឹកចិត្តឱ្យស្ថាប័នទាំងពីរបន្តពង្រឹងទំនាក់ទំនងល្អ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងជប៉ុនជាពិសេសលើវិស័យធុរកិច្ចបៃតង។

ជាកិច្ចឆ្លើយតប លោកស្រី Haruta Marisa និង លោក Wakabayashi Kohei បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅក៏ដូចជាការគាំទ្រកន្លងមករបស់សមាគមឧកញ៉កម្ពុជាក្នុងកិច្ចសហការនានាក្នុងគោលដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេស ការគាំទ្រលើការរៀបចំ «សន្និសីទ និងជំនួបផ្គូផ្គងធុរកិច្ច ស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ក្នុងវិស័យធុរកិច្ចឥណទានកាបូន» កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។

ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការបន្ថែមដើម្បីស្វែករកឱកាសវិនិយោគដល់ធុរជនកម្ពុជា-ជប៉ុនតាមរយ:ការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចជាបន្តបន្ទាប់ទៀត។