លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម

by | Jul 18, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយកម្មវិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នឹងប្រើប្រាស់រយៈពេល២៤ខែ។ ក្នុងនោះដែរមានសប្បុរសជនជាថ្នាក់ដឹកនាំ​ក៏ដូចជាសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ១២៣រូបបានចូលរួមបរិច្ចាគថវិកាដើម្បីប្រើប្រាស់សម្រាប់ការសាងសង់សារមន្ទីរនេះ។

សូមបញ្ជាក់ថា សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ត្រូវបានកសាងឡើងក្នុងគោលដៅពីរសំខាន់ៗគឺ ទី១ ដើម្បីរក្សាសម្បត្តិវប្បធម៌រួមមាន បុរាណវត្ថុសាងពីថ្ម ស្ពាន់ សំរឹទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានាដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិរហូតដល់សម័យក្រោយអង្គរសរុបប្រមាណ ២៥៧៥វត្ថុហើយត្រូវបាន សម្ដេចព្រះព្រហ្មរតនមុនី ខិតខំស្វែងរក​និងប្រមូលរក្សាទុកតាំងពីអំឡុងឆ្នាំ១៩៨០មក និងទី២ គឺដើម្បីទាក់ទាញទេសចរណ៍ក្នុងខេត្តសៀមរាបបន្ថែមទៀតខណៈដែលវិស័យទេសចរណ៍ជាចលករមួយដ៏សំខាន់ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។

សារមន្ទីនេះមានទីតាំងនៅក្នុងវត្តរាជបូណ៌ ដែលជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាបដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯកនិងការសាងសង់ឡើងក្នុងរាជព្រះបាទនរោត្តម។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍និងត្រូវបានគូរនៅរវាងឆ្នាំ១៩២០-១៩២៤៕