មន្ទីរពេទ្យអន្តរជាតិ អរៀនដា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់

by | Jul 14, 2024 | ព្រឹត្តិការ ពត៍មាន

(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនទៀតបានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដាក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ថ្នាក់ដឹកនាំ សមាជិក ក៏ដូចជាបុគ្គលិកនៃសមាគមឧកញ៉ាកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានថ្លែងថា មន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះមានចក្ខុវិស័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរតាមរយៈការផ្តល់ជូននូវគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យដើម្បីឱ្យប្រជាពលរដ្ឋខ្មែរដែលមានជំងឺមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស​ហើយមន្ទីរពេទ្យនេះបានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយ បានប្រមូលផ្តុំនូវវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពបំផុត។

ជាមួយគ្នានេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍កោតសរសើរពីមន្ទីរពេទ្យអន្តរជាតិអរៀនដាទាំងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ទាំងសោភ័ណភាព សម្ភារៈបច្ចេកទេសទំនើបៗ និងសេវាកម្មដ៏ល្អតាមស្តង់ដារអន្តរជាតិហើយលោកអ្នកឧកញ៉ាមានសុដ្ឋិនិយមថា មន្ទីរពេទ្យអន្តរជាតិ អរៀនដានឹងជួយផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋខ្មែរឱ្យមកស្វែងរកសេវាកម្មសុខាភិបាលនៅក្នុងស្រុកវិញ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិអរៀនដា បានផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់៖
១/ ថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងបុគ្គលិករបស់ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា
២/ សមាជិក ក្រុមគ្រួសារ និងបុគ្គលិករបស់សមាជិកសមាគមឧកញ៉ាកម្ពុជា
៣/ បុគ្គលិក និងក្រុមគ្រួសាររបស់បុគ្គលិកនៃសមាគមឧកញ៉ាកម្ពុជា
ដោយទទួលបាននូវ៖
– ការបញ្ចុះតម្លៃ ៥០% លើកញ្ចប់ពិនិត្យសុខភាព
– ការបញ្ចុះតម្លៃ ២០% លើគ្រប់សេវាពិនិត្យ និងព្យាបាលទាំងអស់ (លើកលែងតែសេវាជំងឺលំបាកមានកូន និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស ២៤ម៉ោង)
ការផ្តល់ជូននេះមានរយៈពេល ២ឆ្នាំនិងអាចប្រើប្រាស់បាននៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា, មន្ទីពហុព្យាបាលនិងសម្ភព អរៀនដា, មន្ទីរពេទ្យ អឃីតកោះពេជ្រ និងមន្ទីរព្យាបាល និងសម្ភព អឃីតសែនសុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុនសម្ព័ន្ធរបស់អរៀនដា រួមមាន៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា, មន្ទីពហុព្យាបាល និងសម្ភព អរៀនដា, មន្ទីរពេទ្យ អឃីតកោះពេជ្រ និងមន្ទីរពហុព្យាបាល និងសម្ភព អឃីតសែនសុខ ព្រមទាំងមានក្រុមហ៊ុនសម្ព័ន្ធសុខាភិបាលបរទេសនិងកិច្ចសហការជាមួយមន្ទីរពេទ្យជាច្រើនទៀតនៅក្នុងប្រទេស សិង្ហបុរី ឥណ្ឌា ថៃ ម៉ាឡស៊ី វៀតណាម ដោយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ទំនុកបម្រុងធនធានមនុស្ស និងការបញ្ជូនអ្នកជំងឺតាមមុខជំនាញទៅវិញទៅមក។