ប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមជំនួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Nuremberg

by | Jun 14, 2024 | ព្រឹត្តិការ ពត៍មាន

អាល្លឺម៉ង់៖ កាលពីល្ងាចថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូសមាគមឧកញ៉ាកម្ពុជាបានបន្តចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងជំនួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Nuremberg ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការចាំបាច់នានាជំរុញការវិនិយោគរវាងកម្ពុជា-អាល្លឺម៉ង់។

លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Nuremberg បានទទួលគណៈប្រតិភូកម្ពុជា ក្នុងជំនួបទទួលទានអាហារពេលល្ងាចដោយក្នុងឱកាសនេះដែរភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរ​យោបល់​លើការរៀបចំយន្តការចាំបាច់នានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Nuremberg ដើម្បីធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារវិនិយោគរបស់បណ្ដាវិនិយោគិននៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួបនេះ លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Nuremberg បានថ្លែងការកោតសរសើរជូនចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំឱ្យមានគម្រោងព្រែកជីកហ្វូណនតេជោកើតឡើង។ ក្នុងលក្ខខណ្ឌស្រដៀងគ្នាគឺដើម្បីសេដ្ឋកិច្ចជាតិ លោកបានសង្កេតឃើញថាដោយសារមានព្រែកជីក Rhine–Main–Danube ទើបអនុញ្ញាតឱ្យទីក្រុង Nuremberg បានផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចក្នុងទីក្រុងល្អជាងមុន ពន្លឿនការដឹកជញ្ជូន បន្ថែមចំណូលជូនប្រជាពលរដ្ឋ ជាពិសេសបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មផងដែរ៕