កំពង់ផែអន្តរជាតិកំពតដំណាក់កាលទី១ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤

by | Jun 3, 2024 | ព្រឹត្តិការ ពត៍មាន

កំពត៖ កំពង់ផែអន្ដរជាតិកំពត (KAMPOT INTERNATIONAL PORT) ដំណាក់កាលទី១ តម្លៃសរុប ១៤០ លានដុល្លារអាម៉េរិកនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កំពង់ផែអន្តរជាតិកំពត ត្រូវបានវិនិយោគដោយក្រុមហ៊ុនកំពតផត (Kampot Port) របស់អ្នកឧកញ៉ា វិញ ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយដោយទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅឆ្នាំ២០០៧ លើផ្ទៃដីសរុប ៧០០ហិកតា ដើម្បីអភិវឌ្ឍកំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស (Kampot SEZ)។

កំពង់ផែអន្តរជាតិរបស់កម្ពុជាមួយនេះមានផ្ទៃដី២០៧ហិកតា ស្ថិតនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលបានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែកំពតផតនឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។

គម្រោងវិនិយោគក្នុងដំណាក់កាលទី១ នេះចំណាយថវិកាអស់សរុប ១៤០ លានដុល្លារលើការសាងសង់គម្រោងមួយចំនួនមានជាអាទិ៍៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ។

កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមធ្វើឱ្យប្រសើរឡើងនូវវិស័យពាណិជ្ជកម្ម ដោះដូរទំនិញ និងជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពតក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល៕