ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យមួយដ៏សំខាន់ក្នុងចំណោមព្រះរាជពិធីផ្សេងៗទៀតដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាសដែលខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ៤រោចខែពិសាខដើម្បីជាការប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មតាមរយៈការបរិភោគរបស់ «គោឧសភរាជ»។ ព្រះមហាក្សត្រខ្មែរបានយកព្រះទ័យទុកដាក់ចំពោះពិធីនេះណាស់ដោយពីអតីតកាលទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង ប៉ុន្តែសម័យក្រោយៗមកព្រះមហាក្សត្រគ្រាន់តែយាងជាព្រះរាជាធិបតីដោយមានតំណាងព្រះមហាក្សត្រជាអ្នកច្រត់នង្គ័លជំនួសវិញ។
ចំពោះព្រះរាជា ឬ ព្រះរាជតំណាងចេញច្រត់ព្រះនង្គ័លកំណត់ហៅថា «ស្តេចមាឃ» ឬឯព្រះទេពី ឬភរិយារបស់ព្រះរាជតំណាងហៅថា «ព្រះមេហួ» ។ សម្រាប់ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅលើទឹកដីខេត្តកំពង់ស្ពឺរួមទាំងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងឯកអគ្គរដ្ឋទូតបរទេសផ្សេងទៀតផងដែរ។
ទាក់ទិននឹងការផ្សងគោឧសភរាជគឺក្រោយធ្វើការភ្ជួររាស់ដីចំនួន៣ជុំនៅលើទីវាលព្រះស្រែរួចហើយ ក្រុមបាគូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដែលទឹមច្រត់ព្រះនង្គ័លនោះឱ្យស៊ីផឹកអាហារ៧យ៉ាងដែលភ្នាក់ងាររៀបដាក់នៅទីមុខព្រះពន្លាមានដូចជា គ្រាប់ស្រូវ គ្រាប់សណ្ដែកតុ គ្រាប់ពោត គ្រាប់ល្ង ស្មៅស្រស់ ទឹក និងស្រា។ ក្រោយសូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំង៧យ៉ាងតែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វីក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេកាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះរួចទើបប្រកាសផ្សាយ។ តាមទំនៀមទម្លាប់ពីបុរាណកាលមកកំណត់ថា ប្រសិនបើគោឧសភរាជទៅបរិភោគ ស្រូវ ពោត សណ្ដែក ល្ង និងទឹកមានប្រផ្នូលថាស្រុកទេសសម្បូរសប្បាយ ប្រជាពលរដ្ឋមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសតាមផែនការរបស់រាជរដ្ឋាភិបាលប្រកបដោយសុខសន្តិភាព។ ផ្ទុយទៅវិញ បើគោឧសភរាជទៅបរិភោគស្មៅ និង ស្រាស ប្រផ្នូលថាស្រុកទេសនឹងកើតមានគ្រោះចង្រៃចម្បាំងរាំងជល់ និងជំងឺដង្កាត់ឆ្លងរាតត្បាតពេញផ្ទៃប្រទេស។
នៅក្នុងព្រះរាជពិធីមង្គលនេះដែរ ជារៀងរាល់ពេលដែលគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខរួចហើយប្រជារាស្ត្រខ្មែរតែងតែនាំគ្នាយកសំណល់អាហារជាអាថិ៍ដូចជា ស្រូវ សណ្ដែក ពោត និងល្ងជាដើម ដើម្បីរក្សាទុកដោយមានជំនឿថាសំណល់អាហារទាំងនោះនឹងផ្ដល់សេចក្ដីសុខចំពោះរូបគេម្នាក់ៗ។ ចំណែកប្រជានុរាស្ត្រដែលចិញ្ចឹមជីវិតដោយរបរកសិកម្មវិញតែងតែជឿថា ប្រសិនបើបានយកសំណល់គ្រាប់ធុញ្ញជាតិទាំងនោះទៅរួមផ្សំជាមួយគ្រាប់ពូជដែលពួកគេត្រូវបង្កបង្កើនផលនារដូវខាងមុខនោះរបរកសិកម្មរបស់ពួកគេនឹងចម្រុងចម្រើនទទួលបានទិន្នផលខ្ពស់ជាដើម៕