ភ្នំពេញ៖ ថ្ងៃនៅទី១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌាដោយធ្វើឡើង ៣ជើងក្នុងមួយសប្តាហ៍ ខណៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុញ្ញាតឱ្យបើកជើងហោះហើរត្រង់មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២៤តទៅក្នុងទិសដៅពីទីក្រុងញូវដេលី-សៀមរាបនិងប៉ុមបៃ-សៀមរាបដោយធ្វើការហោះហើរ ៧ជើងក្នុងមួយសប្តាហ៍។
ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាបានគូសបញ្ជាក់ថា ជើងហោះហើរត្រង់នេះនឹងធ្វើឱ្យអ្នកដំណើរចំណេញពេលចំណាយតិចជាងមុន។ ការចាប់ផ្តើមបើកជើងហោះហើរទៅមករវាងកម្ពុជា-ឥណ្ឌា នឹងក្លាយជាឱកាសដែលកម្ពុជាទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែមស្របពេលឆ្នាំនេះគឺជាឆ្នាំដែលកម្ពុជាបានរៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១» ផងដែរ។
លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជាបានលើកឡើងក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានក្នុងស្រុក Fresh News ថា ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយសម្រាប់ពិភពលោកបន្ទាប់ពីចិន ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយក្នុងការទាក់ទាញប្រជាជនឥណ្ឌាធ្វើដំណើរកម្សាន្តមកកម្ពុជា។ លោកជំទាវបានបន្ថែមថា បន្ទាប់ពីផែនការនៃការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ត្រូវបានផ្សព្វផ្សាយ សមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងទទួលបានការសួរនាំច្រើនពីការចូលមកលេងកម្ពុជាពីសំណាក់ភ្ញៀវឥណ្ឌាទាក់ទងនឹងតម្លៃ និងសេវាកម្មនានាក៏ដូចជាផលិតផលទេសចរណ៍ ហើយជាមួយគ្នានេះក៏ទទួលបានការកក់នូវកញ្ចប់ទស្សនកិច្ចផងដែរ។
លោកជំទាវបានបន្តថា ប្រសិនបើឥណ្ឌាចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈវិស័យទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជាទទួលបានភ្ញៀវឥណ្ឌាក្នុងកម្រិតមធ្យមប៉ុណ្ណោះដោយសារតែគ្មានជើងហោះហើរត្រង់ហើយអ្នកដែលមានលទ្ធភាពមិនចូលចិត្តការជិះយន្តហោះដែលមានផ្ទេរពីមួយទៅមួយនោះទេ ដូច្នេះហើយការហោះហើរត្រង់នេះនឹងទាក់ទាញដល់ភ្ញៀវដែលមានសក្តានុពល និងភ្ញៀវដែលមានលទ្ធភាពច្រើនមកកម្ពុជា។
សូមជម្រាបថា បើតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣កម្ពុជាទទួលភ្ញៀវទេសចរសរុបចំនួនជាង ៥.៤លាននាក់ក្នុងនោះមានភ្ញៀវឥណ្ឌាចំនួនជិត ៧ម៉ឺននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១.៦លាននាក់ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌា ២ម៉ឺននាក់៕