សមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីផ្សព្វផ្សាយ «នៃការសាងសង់សួនតេជោសន្តិភាព» នៅទីស្តីការក្រសួងការពារជាតិ

by | Mar 1, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ សមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ២១រូបបានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយ «នៃការសាងសង់សួនតេជោសន្តិភាព» នៅទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ និងនាយទាហានជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្តួចផ្តើមនិងដឹកនាំផ្ទាល់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបរាប់អំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួនដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែងនៃប្រវត្តិកាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានថ្លែងថា ក្រោយការរៀបចំសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះនេះរួចហើយ ការតាមដាន ត្រួតពិនិត្យ និងសម្រេចលើអត្ថន័យដ៏មានសារៈសំខាន់នេះសួនប្រវត្តិកាល ក៏បានធ្វើការកែសម្រួលក្នុងដំណាក់កាលទី៣ ដោយផ្សារភ្ជាប់ជាមួយនឹងរូបភាពសួនតេជោសន្តិភាព ដើម្បីរៀបចំឱ្យទៅជាទីតាំងមួយដែលរក្សានូវទម្រង់ស្ថាបត្យកម្ម រួមបញ្ចូលជាមួយនឹងសួនតេជោសន្តិភាព។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយមើលឃើញអំពីសារៈសំខាន់នេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានឈានបន្តមួយជំហានទៀតក្នុងការកែសម្រួលបញ្ចូលគ្នារវាងស្ថាបត្យកម្មនៃសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ និងសួនតេជោសន្តិភាព ប្រែក្លាយទៅ «សួនតេជោសន្តិភាព» ដែលបង្ហាញអំពីវិមានឈ្នះឈ្នះ និងបង្ហាញអំពីភូមិសាស្ត្រដែលដំណើរការនយោបាយឈ្នះឈ្នះខ្នាតតូចផងដែរ។ ការរៀបចំនេះ ក៏ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ និងដំណើរការព្រមទាំងរៀបចំលក្ខណៈវិនិច្ឆ័យ ដើម្បីជាស្ថាបត្យកម្មថ្មីមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ការកសាងជាបន្តទៀតនូវហេដ្ឋរចនា សម្ព័ន្ធជាតឹកតាងនៃសន្តិភាពជាគោល និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ និងជាមរតកសម្រាប់បន្តវេនដោយសម្តេចធិបតី។