ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ គាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយសមាគមឧកញ៉ាកម្ពុជា

by | Feb 16, 2024 | ព្រឹត្តិការ ពត៍មាន

បាងកក៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ចជាមួយ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍នាស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកក។ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការគោរពជូនពរពីអ្នកឧកញ៉ាប្រធាន។

 ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតអំពីសាវតាសមាគមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ជាពិសេសតួនាទីស្នូលដែលបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ស្តីពីគោរមងារឧកញ៉ា ព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូមួយដ៏មានសក្តានុពលក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀតក្នុងវិស័យសក្តានុពលរបស់កម្ពុជាតាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនថៃ និងវិនិយោគិនផ្សេងៗដែលបាននិងកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសថៃនេះផ្ទាល់តែម្តងតាមរយៈការជួយសម្របសម្រួល និងសហការរៀបចំដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

ឯកឧត្តម ហ៊ុន សារឿន បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានាជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលសមាគមសម្រេចបានក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងគោរមវន្តទាំងអស់នៅកម្ពុជាដែលមានចែងនៅក្នុងព្រះរាជក្រឹត្យខាងលើ។ ឯកឧត្តមបានបន្តថា ស្ថានទូតនឹងខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាជូនបណ្តាធុរជនថៃ និងស្ថានទូតនៃប្រទេសជាមិត្តជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, វេទិកាធុរកិច្ច, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាអាជីវកម្មនានាដែលជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់ការផ្គូផ្គងរវាងពាណិជ្ជករកម្ពុជាជាមួយដៃគូបរទេស និងថៃដែលសុទ្ធសឹងតែជាពាណិជ្ជករមានសក្តានុពលដើម្បីជាគុណប្រយោជន៍សម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសគម្រោងក្នុងការអញ្ជើញធុរជនថៃទៅទស្សនកិច្ច និងស្វែងរឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុនាពេលសមស្របណាមួយ។ លើសពីនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា តាមរយៈសមាគមឧកញ៉ាកម្ពុជា គឺជាច្រកមួយក្នុងការកៀរគរវិនិយោគិនពីកម្ពុជាមកវិនិយោគនៅថៃផងដែរនាពេលខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួលដោយស្ថានទូតយើង ក្នុងភាពជាដៃគូផ្នែកឯកជនមួយដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងការបង្កើតការងារជាដើម។

ជាកិច្ចបញ្ចប់ស្ថាប័នទាំងពីរតាំងចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀតដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងដ៏មានប្រសិទ្ធភាពមួយរវាងស្ថាប័នទាំងពីរនាពេលសមស្រមណាមួយ៕