ក្រសួងពាណិជ្ជកម្មគ្រោងបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្តដើម្បីដោះស្រាយការកកស្ទះទំនិញក្នុងរដូវប្រមូលផល

by | Jan 25, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ ដែលកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។

ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។