បារាំង៖ ក្នុងរយៈពេល២ថ្ងៃនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសបារាំង សម្រេចបានការចុះអនុស្សារណៈយោគយល់ចំនួន៦ រួមមាន៖
១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣-អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS
តាមរយៈការចុះអនុស្សរណៈយោគយល់ នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Blue Circle បានបានបង្ហាញពីចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញដើរដោយកម្លាំងខ្យល់នៅកម្ពុជាដោយក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរីហើយបើមានកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ និងការគាំពារពីរាជរដ្ឋាភិបាល នោះក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ។
ចំពោះក្រុមហ៊ុន TotalEnergies ក៏មានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរដោយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែមទៀត។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ក៏មានបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជាដែរ។ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំងនេះ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបជាមួយ លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ីដែលជាក្រុមហ៊ុនវិនិយោគបារាំងទៅលើឧទ្យានកម្សាន្ត និងនិម្មិតបច្ចេកវិទ្យា បានបញ្ជាក់ថា គម្រោង “Immersive Angkor” ជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ខ្មែរ។ គម្រោង “Immersive Angkor” នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា។ សម្រាប់គម្រោង “Immersive Angkor” ក្រុមហ៊ុននេះ មានកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា ដោយសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា មានទីតាំងក្នុងខេត្តសៀមរាប។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត “Immersive Angkor” ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និងអាចផ្តល់នូវភាពងាយស្រួលសម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។