ភ្នំពេញ៖ កម្មវិធីដើរម៉ារ៉ាតុនក្រោមប្រធានបទ «ដំណើរទៅកាន់មនុស្សធម៌» ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន លី ហួរ គ្រុប កាលពីថ្ងៃព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងសាធារណជនសរុបប្រមាណជិត ១០០០នាក់។
អ្វីដែលពិសេសនោះគឺនៅចុងបញ្ចប់នៃកម្មវិធី អ្នកឧកញ៉ា លី ហួរ បានប្រកាសជាសាធារណៈនូវចំនួនថវិកាដែលប្រមូលបានមានចំនួនសរុប ៨.៥២៧,៦៦ ដុល្លារអាម៉េរិក ហើយអ្នកឧកញ៉ាបានមានប្រសាសន៍ថា ក្រុមហ៊ុន លី ហួរ គ្រុបនឹងបរិច្ចាគថវិកាបន្ថែមចំនួន ៨០.៣៦០,៣៤ ដុល្លារដើម្បីបង្រ្គប់ចំនួន ៨៨.៨៨៨ ដុល្លារហើយថវិកានេះនឹងយកទៅប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្មវិធីដើរម៉ារ៉ាតុននេះ មិនត្រឹមតែបានអនុញ្ញាតឱ្យអ្នកចូលរួមបានបរិច្ចាគចូលមូលនិធិគន្ធបុប្ជាកម្ពុជាដោយក្តីរីករាយប៉ុណ្ណោះទេថែមទាំងទទួលបាននូវសុខភាពល្អនិងបង្ហាញនូវស្នាមញញឹម សប្បាយៗ អបអរសាទរសម្រាប់ឆ្នាំថ្មីឆ្នាំ២០២៤ផងដែរ។ ជាចុងក្រោយ អ្នកឧកញ៉ា បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារដែលបានរៀបចំសម្របសម្រួលកម្មវិធីនេះយ៉ាងរលូនដោយបិទបញ្ចប់កម្មវិធីពោរពេញដោយស្នាមញញឹម៕