សម្តេចធិបតីលើកទឹកចិត្តតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃផ្សព្វផ្សាយសក្តានុពលកម្ពុជាដល់វិនិយោគិនជប៉ុន

by | Dec 19, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស សកម្មភាពការងារមួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ការជួលជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម ។ ទន្ទឹមនេះ លោកប្រធាន បានជម្រាបផងដែរ អំពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃឱ្យទៅវិនិយោគនៅប្រទេសកម្ពុជា ។ លោកប្រធាន ក៏ជម្រាបជូន សម្តេចធិបតី ផងដែរ​​​ អំពីគម្រោងពិព័រណ៍សាកលនៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹមថាកម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូបាយ៉ាស៊ី តាកេអុ ​ និងសហការី ព្រមទាំងបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មានបំណងបោះទុនវិនិយោគនៅកម្ពុជា ព្រមជាមួយនេះ សម្តេច បានលើកទឹកចិត្តឱ្យបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា ។ ក្នុងឱកាសនោះ សម្តេចធិបតី បានជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខនេះ ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់ ។ បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ផងដែរថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសខ្នាតយក្ស ដែលមានទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន ៧ ខេត្ត ដូចជា ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និងខេត្តវ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹងមានឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ៕