វិនិយោគិនចិនមកទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សាកាលានុវត្តភាព និងសក្តានុពលវិនិយោគ

by | Nov 21, 2023 | ព្រឹត្តិការ ពត៍មាន, ព្រឹត្តិការណ៍ និងព័ត៌មាន, សកម្មភាពសមាគម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិន ដឹកនាំដោយ សមាគមធុរកិច្ច Hehehui Entrepreneur Club ជាមួយនឹងបណ្តាក្រុមហ៊ុនវិនិយោគលើវិស័យ៖ កសិ-ឧស្សាហកម្ម កម្មន្តសាលឱសថនិងបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ភ័ស្តុភារកម្ម ការផលិតថាមពលអគ្គិសនីដោយជីវៈចម្រុះ និង E-Commerce ផងដែរ។

សូមបញ្ជាក់ជូនថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់សមាគមធុរកិច្ច Hehehui Entrepreneur Club មកកម្ពុជាក្នុងឆ្នាំ២០២៣ ដើម្បីសិក្សាអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រតិភូវិនិយោគិននឹងបន្តដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងបណ្តាទីតាំងសំខាន់ៗមួយចំនួនទៀត។

ក្នុងថ្ងៃដដែលនោះដែរ នាវេលារសៀល ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូវិនិយោគិនចិន-ហុងកុង មកពីវិស័យ (១) ថាមពលសូឡា (២) ឧស្សាហកម្ម និង (៣) ឧស្សាហកម្មគាំទ្រ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងការសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។

ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនគណៈប្រតិភូ និងបានជម្រាបជូនដោយសង្ខេបអំពីការលើកទឹកចិត្តក្នុងវិស័យគន្លឹះក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយន្ដការផ្ដល់កិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ ជាមួយនេះឯកឧត្ដមបង្ហាញជំនឿចិត្តថាគណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍៕