(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នាវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសមួយគឺ «ទស្សនាសៀមរាបឆ្នាំ២០២៤» អមដោយវិធានការមួយចំនួនដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសម្ទុះងើបឡើងវិញ ខណៈដែលសម្តេចបានលើកឡើងថា ខេត្តសៀមរាបបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាដែលតម្រូវឱ្យរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការពិសេសនានា ដោយសម្តេចធិបតីបានគូសបញ្ជាក់ដែរថា នៅពេលដែលស្ថានភាពទេសចរណ៍ខេត្តសៀមរាបមានភាពល្អប្រសើរ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗនៅទូទាំងប្រទេសផងដែរ។
ជាមួយនឹងកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤» សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
វិធានការទី១៖ រៀបចំឡើងវិញ និងដាក់ឱ្យដំណើរការឱ្យបានឆាប់រហ័សនូវក្រុមប្រឹក្សាទេសចរណ៍ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធដើម្បីអាចដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ, ការរៀបចំ និងដាក់ចេញផែនការឬយុទុ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ជាដើម។
វិធានការទី២៖ ចំពោះមុខ ក្រុមប្រឹក្សាទេសចរណ៍ត្រូវរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់នៃកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ដោយគិតគូរនិងដោះស្រាយបញ្ហាប្រឈមជាខ្សែច្រវាក់តម្លៃទាំងមូលសម្រាប់វិស័យទេសចរណ៍នៃខេត្តសៀមរាបដូចជា៖ ការផ្សព្វផ្សាយ, ការកែសម្រួល និងការផ្តល់សេវានានា, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាដើមដោយបែងចែកការទទួលខុសត្រូវច្បាស់លាស់រវាងវិស័យរដ្ឋ និងឯកជន ដោយឈរលើស្មារតី «រួមគិត, រួមធ្វើ និងរួមទទួលខុសត្រូវ»។
វិធានការទី៣៖ កែលម្អលើបញ្ហាបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែនដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ការរៀបចំសម្របសម្រួលកែលម្អការបំពេញបែបបទពេលមកដល់ពី ៣ទម្រង់ (អន្តោប្រវេសន៍, គយ, ចត្តាឡីស័ក) មកតែ ១ទម្រង់ពោលគឺទម្រង់អេឡិចត្រូនិកវិញ។
វិធានការទី៤៖ ជំរុញ និងរៀបចំការពង្រីកវិសាលភាពបណ្ណព្រំដែនដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍មានលទ្ធភាពធ្វើដំណើរកម្សាន្តឆ្លងពីព្រំដែនមកដល់ខេត្តសៀមរាបតែម្តង។
វិធានការទី៥៖ ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តករទេសចរណ៍នៅក្នុងខេត្តសៀមរាបដូចជា អនុញ្ញាត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះអតិថិជនលើវិស័យទេសចរណ៍ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល ១២ខែ ព្រមទាំងផ្តល់កម្ចីក្នុងទំហំទឹកប្រាក់សរុប ៥០លានដុល្លារអាម៉េរិកដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបតាមរយៈធនាគារធុនតូច និងមធ្យមកម្ពុជាជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងៗ។
វិធានការទី៦៖ លើកទឹកចិត្តផ្នែកពន្ធដាដោយលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅចាប់ពីថ្ងៃពីខែតុលា ឆ្នាំ២០២៣ដល់ចប់ឆមាសទី១នៃឆ្នាំ២០២៤។ ក៏ដូចជាលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៣ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍។ ថែមទាំងលើកលែងបំណុលពន្ធទាំងអស់ដែលមានការិយបរិច្ឆទមុនឆ្នាំ២០២៣, មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ក្នុងការិយបរិច្ឆេទឆ្នាំ២០២០ ដល់ ២០២២ សម្រាប់រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកែប, និងខេត្តកំពត។ រួមទាំងមិនចុះធ្វើសវនកម្មលើអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាបក្នុងការិយបរិច្ឆេទឆ្នាំ២០២០ ដល់ ២០២៣។
វិធានការទី៧៖ រាជរដ្ឋាភិបាលនឹងផ្តល់ការអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទេសក៍ទេសចរណ៍ដោយទុកឱសានវាទរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៤។
វិធានការទី៨៖ តភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាបដូចជា៖ ភូកេត-សៀមរាប, ដាណាំង-សៀមរាប ឬសេប៊ូ-សៀមរាបជាដើម។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់ជំរុញការអនុវត្តវិធានការសំដៅកែលម្អកិត្តិនាមរបស់ប្រទេសកម្ពុជា និងបោសសម្អាតបទល្មើសនានា ក៏ដូចជាខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងការបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗដើម្បីជំរុញការផ្គត់ផ្គង់បន្លែ សាច់របស់ប្រជាកសិករដល់មូដ្ឋានអាជីវកម្មទេសចរណ៍ផងដែរ៕