(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង
ញូវយ៉ក។
ក្នុងបេសកកម្មនេះដែរ សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចអាម៉េរិក-កម្ពុជាដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយនៅក្នុងនោះរួមមានរបៀបវារៈសំខាន់ៗដូចជា ជំនួបរវាងប្រតិភូសភាពាណិជ្ជកម្មកម្ពុជានិងបណ្តាក្រុមហ៊ុនអាម៉េរិក ព្រមទាំងកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងអាជីវករខ្មែររស់នៅសហរដ្ឋអាម៉េរិក ដោយសម្តេចនឹងយកឱកាសនេះដើម្បីទាក់ទាញវិនិយោគបន្ថែមទៀតតាមរយៈជំនួបជាមួយអ្នកវិនិយោគអាម៉េរិក និងខ្មែរ-អាម៉េរិក ជាដើម។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះមានការអមដំណើរដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនក៏ដូចជាអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករដែលជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាប្រមាណជាជាង ៣០រូបផងដែរ៕